សហគមន៍កសិកម្មសង្កែ ខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយចូលរួមជាសមាជិក ដើម្បីបានឱកាសលើកកម្ពស់ជីវភាពគ្រួសារអោយប្រសើរឡើង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី8 ខែកក្កដា ឆ្នាំ2019 ម៉ោង 7:00នាទីព្រឹក សហគមន៍កសិកម្មសង្កែ អំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានឱ្យចូលរួមជាសមាជិក ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ។
លោក ធុធ ផល្លា នាយកប្រតិបត្តិសហគមន៍កសិកម្មសង្កែបានលើកឡើងនៅចុងសប្តាហ៍កន្លងមកនេះថា បន្ទាប់ពីមានការយកចិត្តទុកដាក់ឧបត្តម្ភគាំទ្រ និងជួយជ្រុមជ្រែងយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តម្ភ ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង រយៈពេល១ឆ្នាំមកនេះ សហគមន៍មានការរីកលូតលាស់យ៉ាងឆាប់រហ័ស និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកខ្លួន ហើយជួយទៅដល់សមាជិកជាច្រើនបានយ៉ាងល្អប្រសើរ ដូចនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់គប្បីចូលរួមជាសមាជិកឱ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីមានឱកាសប្រឹក្សាយោបល់ផ្សេងៗ ពិសេសជំរុញការលើកកម្ពស់ជីវភាពប្រចាំគ្រួសានីមួយៗឱ្យមានភាពធូធារទ្វេឡើង។
លោកស្រី គង់ សារូ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសង្កែ បានអោយដឹងដែរថា ផ្លែផ្កាដែលមាននៅក្នុងសហគមន៍មកទល់បច្ចុប្បន្ននេះ បានមកដោយសារ ឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង បានយកចិត្តទុកជួយគាំទ្រ និងបានជួយដោះស្រាយយ៉ាងមានប្រសិទ្ធភាពរាល់បញ្ហាប្រឈមជាច្រើនពីមុនមករហូតបានជោគជ័យដល់បច្ចុប្បន្ន។
ចំណែកលោក តុង គឹមហៀក គណៈកម្មការទ្រទ្រង់អភិវឌ្ឍន៍សហគមន៍បានបញ្ជាក់បន្ថែមថា ផែនការមុខជំនួញរបស់សហគមន៍កសិកម្មសង្កែរួមមាន ផលិតកម្មកសិកម្មដំណាំស្រូវ ចិញ្ចឹមសត្វ ផ្តល់ពូជដំណាំ ពូជសត្វ ឧបករណ៍កសិកម្ម កែច្នៃកសិផល និងស្វែងរកទីផ្សារជាដើម។
បច្ចុប្បន្ន សហគមន៍បានផ្តល់ទំនុកចិត្ត ហើយកសាងសមាជិកបានចំនួន៩១១៧នាក់ ដោយគោលការណ៍សំខាន់ចំពោះមុខនៃផ្នែកហិរញ្ញប្បទានមាន ប្រាក់សន្សំ ប្រាក់ឥណទាន និងប្រាក់ភាគហ៊ុនសរុបចំនួនជាង១០៦៩១លានរៀល៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here