រាលកៃអាវុធកែច្នៃ បណ្ដាលឱ្យស្លាប់ខ្លួនឯង

ខេត្តកំពង់ធំ ៖ មានករណីរាលកៃអាវុធកែច្នៃ (កាំភ្លើងខ្យល់បាញ់គ្រាប់កង់) បណ្ដាលឱ្យស្លាប់ខ្លួនឯង ដោយហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនិង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង៣០នាទី នៅកន្លែងឆ្លុះសត្វ ស្ថិតត្រង់ចំណុចតំបន់វាលព្រៃបាញ់ជាន់ ក្នុងភូមិសាស្រ្តភូមិសង្វាត ឃុំក្រយា ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ជួន ជឿត ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
បើតាមការបំភ្លឺរបស់ឈ្មោះ ឃាន ប៊ិន ភេទស្រី អាយុ ៣២ឆ្នាំ (ត្រូវជាប្រពន្ធសព) បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោងប្រហែល២០ ប្ដីរបស់គាត់ហូបបាយរួចក៏ចេញទៅឆ្លុះសត្វជាមួយឈ្មោះ រត់ ភេទប្រុស អាយុ ២៧ឆ្នាំ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ ទួត ភេទប្រុស អាយុ ១៩ឆ្នាំ (អ្នកទាំង៣ ត្រូវជាបងប្អូនជាមួយជនរងគ្រោះ)។

ដោយចេញទៅឆ្លុះនៅតំបន់បាញ់ជាន់ខាងលិចភូមិសង្វាត ឃុំក្រយា ចំងាយប្រហែល ៥០០០ម ដោយជិះម៉ូតូ ២គ្រឿងទៅ រហូតដល់ម៉ោងប្រហែល ២៣ស្រាប់តែអ្នកទាំង៣ បានត្រឡប់មកវិញដោយឈ្មោះ ទួត បានស្រែកហៅនាងខ្ញុំថា មីងពូ ជឿត ស្លាប់ហើយ និងនិយាយប្រាប់ថា គាត់រាលកៃកាំភ្លើងស្លាប់បាត់ហើយ បន្ទាប់មកនាងខ្ញុំបានរាយការណ៍មកសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាព ចុះពិនិត្យកន្លែងកើតហេតុនៅព្រឹកថ្ងៃទី០៣.០៧.២០១៩ ។ ក្រោយការធ្វើកោសល្យវិច្ច័យ បានពិនិត្យឃើញថា ជនរងគ្រោះ បានប្រើប្រាស់អវុធកែច្នៃ នៅចំណុចកៃសុវត្ថិភាព កៃវៀចងមកក្រោយ និងវៀចមកម្ខាង នៅលើឈើតួអាវុធចំណុចក្បែកៃ មានស្នាមកកិតនិងប៉ះទង្គិច ដែលបណ្ដាលឲ្យភ្លាត់កៃ។
សពមានស្នាមរបួស ១កន្លែងធ្លុះចូលលើដើមដោះខាងស្ដាំមានទិសដៅបញ្ឆិតពីក្រោមទៅលើទំហុំ ០.៨ស.ម រាងមូល។ ការសន្និដ្ឋានរបស់សម្ថកិច្ច សពពិតជាស្លាប់ដោយ អាវុធកែច្នៃដោយខ្លួនឯង មិនមានពាក់ព័ន្ធ និងករណីឃាតកម្មឡើយ។
បញ្ជាក់ ប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់ថា កន្លងមកជនរងគ្រោះ តែងតែធ្វេសប្រហែស និងភ្លាត់អាវុធដែលគាត់បានច្នៃ ហើយយកមកសាក ត្រូវចំភ្នែកស្ដាំរបួសម្ដងមកហើយ។
បច្ចុប្បន្ន សពបានប្រគល់ជូន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ ដោយ PL

 

LEAVE A REPLY

Please enter your comment!
Please enter your name here