កម្លាំងនគរបាលក្រុងបាត់ដំបង ឆ្មក់ចូលបង្ក្រាបទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិត និងឃាត់ខ្លួនមនុស្ស៩នាក់

233
Loading...

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានឆ្មក់ចូលបង្ក្រាបទីតាំងល្បែងអ៊ីនធឺណិតមួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនផងដែរ។យោងតាមរបាយការរបស់កម្លាំងសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា ទីតាំងល្បែងស៊ីសង(ភ្នាល់ចាក់បាល់)ជ្រកក្រោមស្លាកអ៊ីនធឺណិតមួយកន្លែង ខណៈដែលទីតាំងជាច្រើនផ្សេងទៀតបានបិទទ្វារ។
លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ បានឱ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំងប្រាំបួនចំណុចរបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារផ្ទាល់ យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា ពិសេសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងនៅវេលាម៉ោង ១៥ និង៣០នាទី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ លោកបានដឹកនាំកម្លាំងចុះត្រង់ចំណុចខាងជើងផ្សារទំនើបបុរីថ្មី ស្ថិតក្នុងក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។ ដោយបានធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសង(ភ្នាល់ចាក់បាល់)ជ្រកក្រោមស្លាកអ៊ីនធឺណិតមួយកន្លែង ដែលកំពុងបើកអោយលេងយ៉ាងពពាក់ពពូន ដែលមានម្ចាស់បើកអាជីវកម្មខាងលើ ឈ្មោះលោក ឡាច ដារ៉ា។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចជំនាញនគរបាលក្រុង ដឹកនាំដោយលោកអធិការ បានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងខាងលើរួមជាមួយនិងអ្នកគ្រប់គ្រងសរុប៩នាក់ ក្នុងនោះមានស្រី ៦នាក់ និងបានដកហូតវត្ថុតាងជាសម្ភារៈរួមមាន ម៉ូនីទ័រចំនួន១៣គ្រឿង អេក្រង់ចំនួន១៥គ្រឿង ឃីបតចំនួន១១គ្រឿង ម៉ៅចំនួន៧គ្រឿង ម៉ាស៊ីនព្រីនចំនួន១គ្រឿង ម៉ូតូចំនួន៥គ្រឿង និងតុរកៅអ៉ីមួយចំនួនទៀតផងដែរ។
លោក អធិការបានបន្តថា ក្រោយពីកិច្ចប្រតិបត្តិការបញ្ចប់ ក្រុមអ្នកញៀនល្បែងស៊ីសង និងអ្នកគ្រប់គ្រងសរុប៩នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ ពេលនេះត្រូវបានកម្លាំង សមត្ថកិច្ចដឹកបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីមានវិធានការជាបន្តទៅតាមនីតិវិធី៕ ដោយ កែវ នាង

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here